ច្បាប់​ស្តី​ពី​ការ​រក្សា​ចន្លោះ​សុវត្ថិភាពនៅពេល​ជែង​គ្នា​ឋិត​ជាធរមាន​នៅ​រដ្ឋ​វិកថូរៀ។ ប្រសិន​បើ​អ្នក​បើក​យានយន្ត​ ឬ​បើក​ម៉ូតូ​ អ្នក​ត្រូវ​តែ​រក្សា​គម្លាត​ជែង​ 1ម៉ែត្រពីអ្នក​ជិះ​កង់​នៅ​ក្នុង​តំបន់​ដែល​កំណត់​ល្បឿនបើកមិនឱ្យលើសពី​ 60គ.ម/ម៉ោង និង​គម្លាត 1.5ម៉ែត្រ​ក្នុង​តំបន់​ដែល​កំណត់​ល្បឿន​បើកលើស​ពី 60គ.ម/ម៉ោង។

ការ​ធ្វើ​រឿងងាយ​សាមញ្ញដូចជា​ការ​ផ្តល់​គម្លាត​ដល់អ្នក​ជិះកង់​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​ក្នុង​ការ​ធានា​ថា​យើងអាច​ទៅ​ដល់​ផ្ទះវិញដោយ​សុវត្ថិភាព​ទាំង​អស់​គ្នា។

តើ​អ្នក​ជិះ​កង់​ត្រូវ​អនុវត្ត​តាម​ច្បាប់​អ្វី​ខ្លះ?

  • អ្នក​ជិះ​កង់​ត្រូវ​គោរព​តាម​ច្បាប់​ចរាចរណ៍ដូចគ្នា​នឹង​អ្នក​បើក​យាន​យន្តឯទៀត​ដែរ។
  • ច្បាប់អនុញ្ញាត​ឲ្យអ្នកជិះកង់​ជិះ​ទន្ទឹម​គ្នា​ពីរនាក់បាន ដរាប​ណា​គេ​អាច​រក្សា​ចន្លោះ​រវាង​កង់​ទាំង​ពីរ​មិនឱ្យលើសពី 1.5ម៉ែត្រ។
  • អ្នក​ជិះ​កង់​អាច​ធ្វើ​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ភាគ​ច្រើន​បំផុត​នៅ​រដ្ឋ​វិកថូរៀ ដូចជា​តាម​គន្លង​រថយន្ត​ក្រុង និងនៅ​តាម​ដង​ផ្លូវ​ដើរ​រួម​គ្នា។ អ្នក​ជិះកង់​មិន​អាច ជិះ​តាម​ផ្លូវ​ល្បឿន​លឿន​ក្នុង​ក្រុង(freeways) ផ្លូវ​ល្បឿន​លឿន ឬ​តាម​ដង​ផ្លូវ​ផ្សេង​ទៀត​ដែល​មាន​ស្លាក​សញ្ញា មិន​អនុញ្ញាត​ឲ្យ​ជិះ​កង់​។ នៅតាមផ្លូវដែល​​គ្មានការអនុញ្ញាត​ឲ្យ​ជិះ​កង់​នោះនឹង​មាន​ស្លាក​សញ្ញាបង្ហាញថា “កង់​មិន​អាច​ធ្វើ​ដំណើរ​ហួស​ពីចំណុច​ផ្លូវ​ល្បឿន​លឿន​នេះ​បាន​ទេ លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ប៉ុណ្ណោះ។”
  • ប្រសិន​បើ​អ្នក​ជិះ​ចូលទៅជិត​យាន​យន្ត​ដែល​ត្រូវ​បត់​ឆ្វេង អ្នក​មិន​ត្រូវ​ជែង​ខាង​ឆ្វេង​ជាដាច់ខាតទេ។​ ត្រូវ​អនុញ្ញាត​ឲ្យ​រថ​យន្ត​នោះបត់​សិន​មុន​នឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។
  • នៅ​តាម​ដង​ផ្លូវ​​មាន​តែ​មួយ​គន្លង​ដែល​ធ្វើ​ដំណើរ​តាម​ទិស​ស្រប​​គ្នា ​អ្នក​ត្រូវ​តែ​រក្សា​ចន្លោះ​ឲ្យ​បាន​ឆ្ងាយ​ដើម្បីសុវត្ថិភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។
  • ប្រសិន​បើ​អ្នក​កំពុង​ជិះ​នៅ​តាម​ដង​ផ្លូវមួយ​ដែលមាន​ពីរគន្លង ឬ​ច្រើន​គន្លង អ្នក​អាច​ជិះ​នៅ​​ផ្នែកខាង​ឆ្វេង ឬ​ផ្នែកកណ្ដាលនៃ​គន្លង​ណាមួយ ហើយ​ប្រើគន្លង​នៅខាង​ស្តាំដៃ​ដើម្បី​​បត់​ស្តាំ។
  • តាមច្បាប់​ការបត់បកក្រោយហៅថា Hook Turn អាច​ធ្វើបាន នៅ​គ្រប់​ផ្លូវ​ប្រសព្វ​ទាំង​អស់ ហើយ​ត្រូវបាន​លើក​ទឹក​ចិត្ត​ចំពោះ​​អ្នក​បត់ស្តាំ​ទាំង​អស់។
  • ត្រូវ​ប្រាកដ​ថា​កង់​របស់​អ្នក​​បំពាក់​ដោយ​ភ្លើង​សញ្ញា ជាពិសេសសម្រាប់ការ​ជិះ​ពេល​យប់ ឬ​ពេល​មាន​អាកាស​ធាតុ​មិនល្អ។ ភ្លើង​ពណ៌​ស​ត្រូវ​បំពាក់​នៅ​ខាង​មុខ ហើយ​ភ្លើង​ពណ៌​ក្រហម​ត្រូវ​បំពាក់​នៅ​ខាង​ក្រោយ។
  • អ្នក​​​អាចជិះ​កង់លើ​ផ្លូវ​ដើរបាន ប្រសិន​បើ​អ្នក​អាយុ​ក្រោម 13ឆ្នាំ ឬ​ជិះ​អម​នរណា​ម្នាក់​មាន​អាយុ​ក្រោម 13ឆ្នាំ ឬ​មនុស្ស​ពេញ​វ័យ​ដែល​មាន​បំពាក់​កៅ​អី​កុមារ។ អ្នក​ក៏​អាច​ជិះកង់​នៅ​ផ្លូវ​ដើរ​បាន​ផ​ង​ដែរ​ប្រសិន​បើ​អ្នក​មាន​សំបុត្រ​ពេទ្យ​បញ្ជាក់​ថា​អ្នក​មាន​ពិការ​ភាព​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ការ​លំបាក​ជិះ​តាម​ដង​ផ្លូវ។

ព័ត៌មាន​បន្ថែមស្តីពី​ច្បាប់ និង​បទបញ្ញត្តិ​ផ្សេងៗមាន​នៅ​លើ​គេហទំព័រ  VicRoads website